«ការចូលរួមសម្រាលទុក្ខលំបាកសង្គម» គឺជាគោលការណ៍ធុរកិច្ច ដែលយើងខ្ញុំតែងតែជឿជាក់ និងប្រកាន់ខ្ជាប់ជានិច្ច ។
យើងខ្ញុំបាននឹងកំពុងភ្ជាប់ទំនាក់ទំនងថ្មីៗ ក៏ដូចជារក្សាទំនាក់ទំនងល្អៗ ជាមួយដៃគូស្ថាប័នសប្បុរសជាច្រើន ជាពិសេសដៃគូស្ថាប័នសប្បុរសណា ដែលផ្តោតការយកចិត្តទុកដាក់ពិសេសលើកុមារកំព្រា ឬកុមារទីទ័លក្រលំបាក ដោយផ្តល់ពួកគេទាំងនោះនូវជម្រកមួយដ៏កក់ក្តៅ ចំណីអាហារជីវជាតិ ការថែទាំសមរម្យ និងការបណ្តុះបណ្តាវិជ្ជាជីវៈ ។ ភាពជាដៃគូនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈរូបភាពចំនួនពីរគឺ៖
- យើងខ្ញុំចូលរួមជាប្រចាំ ក្នុងការផ្តល់ជាថរិកា ឬអំណាយ រួមមានផលិតផលសាច់ សម្ភារៈសិក្សា ដល់ស្ថាប័នដៃគូទាំងនោះ ក្នុងគោលបំណងសម្រួលអម្រែករបស់ស្ថាប័នដៃគូទាំងនោះ និងផ្តល់ឱកាសពួកគេទាំងនោះទទួលបាននូវបទពិសោធន៍ផលិតផលសាច់ដែលមានគុណភាព និងសុវត្ថិភាព ។
- យើងខ្ញុំតែងតែបន្តផ្តល់នូវកម្មសិក្សាការងាររយៈពេលខ្លីៗ តាមមុខតំណែងជាច្រើនដល់ពួកគេ ក្នុងកំលុងពេលទទួលការសិក្សា ឬបំពាក់បំប៉នវិជ្ជាជីវៈនៅស្ថាប័នដៃគូ ដើម្បីពួកគេអាចអភិវឌ្ឍខ្លូនឯង តាមរយៈបទពិសោធន៍ការងារ ៕
នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ សហគ្រាស ខេស៊ី ហ៊្វូដមេនូហ្វេឆឺរីង ឯ.ក បានដឹកនាំក្រុមការងារទស្សនកិច្ចនៅ មូនិធិគន្ធបុប្ផាកម្ពុជា និងនាំយកថវិកាចំនួនពីរលានពីរម៉ឺនបួនពាន់រៀល (២,០២៤,០០០រៀល) ដើម្បីចូលរួមគាំទ្រដល់សុខភាព និងសុខុមាលភាពរបស់កុមារ។
សម្រាប់យើងខ្ញុំ ការរីកចម្រើនធុរកិច្ចកាន់តែមានន័យ គឺនៅពេលដែលយើងអាចចែករំលែកផ្នែកមួយនៃភាពជោគជ័យនោះជាមួយសង្គមជាតិយើង។ ដូច្នេះយើងខ្ញុំសង្ឃឹមថា សកម្មភាពតូចមួយនេះនឹងជួយបង្កើតស្នាមញញឹមស្រស់ស្អាត ជាមួយក្តីសង្ឃឹមភ្លឺស្វាង ដល់កុមារកម្ពុជាទាំងអស់ និងរួមចំណែកកសាងអនាគតប្រសើរសម្រាប់ប្រទេសជាតិ។
ជាចុងក្រោយ យើងខ្ញុំសូមថ្លែងអំណរគុណជាអតិបរមាដល់ អតិថិជនទាំងអស់ដែលបានគាំទ្រ និងជ្រើសរើសផលិតផលគុណភាពរបស់សហគ្រាសយើងខ្ញុំ ហើយនិងសមាជិកក្រុមការងារ ដែលបានខិតខំបំពេញការងារដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ។ ការគាំទ្រ និងការខិតខំទាំងនេះ បានលើកទឹកចិត្តសហគ្រាសទាំងមូលឲ្យបន្តសកម្មភាពសង្គមនាឆ្នាំបន្តបន្ទាប់ទៀត។
នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ សហគ្រាស ខេស៊ី ហ៊្វូដមេនូហ្វេឆឺរីង ឯ.ក មានសេចក្តីសោមនស្សរីករាយ ដែលបាននាំយកនូវថវិកាចំនួនពីរលានពីរម៉ឺនប្រាំពាន់រៀល (២,០២៥,០០០រៀល) ជូនមូនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមគាំទ្រដល់សុខភាព និងសុខុមាលភាពរបស់កុមារ។
យើងខ្ញុំជឿជាក់ថា កុមារដែលមានសុខភាពល្អ គឺជាមូលដ្ឋានគ្រឹះសម្រាប់គ្រួសាររឹងមាំ និងសង្គមរីកចម្រើន។ តាមរយៈកាយវិការមួយនេះ យើងខ្ញុំពិតជាសង្ឃឹមថានឹងអាចចែករំលែកក្តីស្រឡាញ់ បង្កើតក្តីសង្ឃឹមថ្មី និងរួមចំណែកក្នុងការកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារកម្ពុជា។
ជាចុងក្រោយ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រផលិតផលក្នុងស្រុក និងសមាជិកគ្រួសារសហគ្រាសទាំងអស់ ដែលខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវ។ ការគាំទ្រ និងការខិតខំទាំងអស់នេះ គឺជាកម្លាំងចលករ ដែលជំរុញឱ្យសហគ្រាសអាចបន្តចែករំលែកស្នាមញញឹម ដល់កុមារកម្ពុជាជាប្រចាំ។